ជឿថាទស្សនិកជននិយមទស្សនាភាពយន្តបុរាណចិនច្បាស់ជាបានស្គាល់ហើយ តួសម្ដែងប្រុស ចិនចាវ ក្នុងរឿង «តុលាការមុខដែក (ប៉ាវចិន)» ដែលរឿងភាគបុរាណមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអាស៊ី តាមដានគ្រប់ភាគយ៉ាងជក់ចិត្តដិតអារម្មណ៍។
ទោះជាយ៉ាងណា អតីតតារាសម្ដែងប្រុសរូបនេះក៏បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ច្រើនឆ្នាំមកហើយ ដោយលោកបានសម្រេចឈប់ពីការសម្ដែងមកធ្វើជាម្ចាស់អាជីវកម្មវិញ បានបើកភោជនីយដ្ឋានម្ហូបបួសមួយកន្លែង ហើយបានសាងគ្រួសារយ៉ាងមានសុភមង្គល។
ដោយឡែក អ្វីដែលមហាជនភាគច្រើនមានការភ្ញាក់ផ្អើលនោះ គឺរឿងរៀបការរបស់អតីតតារាសម្ដែងប្រុសរូបនេះ ដោយម្នាក់ៗមិនធ្លាប់បានដឹងពីមុនទេថា លោកបានរៀបការ និងមានកូនស្រីម្នាក់ហើយ ព្រោះកន្លងមកមិនធ្លាប់មានព័ត៌មានទម្លាយពីរឿងគ្រួសារឡើយ។
យ៉ាងណាមិញ ដើម្បីជាការឆ្លើយតបទៅកាន់ទស្សនិកជនដែលបានគាំទ្រដល់ការងារសិល្បៈរបស់លោកកន្លងមក លោក Kenny Ho ហៅ ចិនចាវ ក៏បាននិយាយក្នុងបទសម្ភាសតាមរយៈការខលតាមទូរស័ព្ទថា ដោយសារតែប្រពន្ធរបស់លោកមិនចង់បង្ហាញជាសាធារណៈ ទើបមិនបានបង្ហើបដល់អ្នកគាំទ្រ។
លើសពីនេះ លោកក៏បាននិយាយបែបលេងសើចថា៖ «ភរិយារបស់ខ្ញុំអាចនឹងមិនសូវស្អាត ប៉ុន្តែកូនស្រីរបស់ខ្ញុំគឺស្អាតណាស់»៕